តាកែវៈ ដោយមានការយកយចិត្តទុកដាក់ពីសំណាក់ លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បត្តិ៍១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧និង២០នាទីយប់ នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ តាកែវ មានកើតករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ សំ វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ (ប្អូនប្រុសបង្កើត) មានទីលំនៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពលើកគំរបពាងបោកប្រាស់ ហើយបានយកដំបងឫស្សីទៅរកវាយទៅលើជនរងគ្រោះឈ្មោះ សំ រ៉ាវី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ តែជនរងគ្រោះគេចផុត រួចក៏បានប្រតាយប្រតបគ្នា បណ្តាលអោយជនរងគ្រោះរងរបួសចំគល់ដោះខាងលើផ្នែកខាងស្តាំ (ស្នាមខាំ) និងវាយចំកែងភ្នែកបែកជាំ ព្រមទាំងគួយដៃខាងស្តាំដាច់រលាត់។
ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សំ វុទ្ធី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នា២០២២ វេលាម៉ោង ១០និង២៥នាទីព្រឹក ដើម្បីយកមកបំពេញសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
មូលហេតុ៖ ទំនាស់ពាក្យសំដីគ្នា ខឹងបងស្រីស្តីបន្តោសរឿងវាយកូនស្រីបង្កើតរបស់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់