ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៤៧នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង ស្ថិតនៅក្នុងបុរីពិភពថ្មី គួរស្រូវ២ ចំណុចផ្ទះលេខ៩០ ផ្លូវលេខ០៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានរលត់ទៅវិញ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ ។ ក្រោយពី ទទួលបាននូវបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីជំនាញ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាទៅគោលដៅដែលបានប្រចាំការនៅសាលាខណ្ឌដង្កោ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា៖ នៅក្នុងរង្វង់ នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន ។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នកណារងរបួសឡើយ ។
យ៉ាងណាមិញសម្រាប់មូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ៕
មតិយោបល់