ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកម៉ូតូហុងដាឌ្រីមសេ១២៥ សំណាងអ្នកជិះម៉ូតូលោតចេញទាន់

ភ្នំពេញ: រថយន្តកុងតឺន័រ១គ្រឿង បានបើកបរលឿនហើយ បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងពីក្រោយ បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែជាសំណាងល្អ បុរសអ្នកជិះម៉ូតូបានលោតចេញទាន់ ទើបគ្មានគ្រោះថ្នាក់ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ នៅជិតស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-1631 និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-6349 បើកបរធ្វើដំណើរស្របគ្នាពីលិចទៅកើត តាមផ្លូវជាតិលេខ៤ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលទៅបុកម៉ូតូពីក្រោយ និងកិនទាំងកម្រោល ប៉ុន្តែខណ:នោះអ្នកបើកបរម៉ូតូ បានលោតចេញទាន់ ទើបមិនបណ្ដាលឲ្យរងរបួសឬក៏ស្លាប់ ។

ប្រភពដដែលបានបន្តថា ខណ:នោះបានបណ្ដាលឲ្យម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើករវាស់វែង ។ បន្ទាប់មកបាននាំយកម៉ូតូ និងរថយន្តដាក់អែបខាង រួចឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ហើយខាងរថយន្តបង្ក ចេញសំណងទៅខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់