ព័ត៌មានជាតិ

ក្មេងស្រី​ខ្មែរ ២​នាក់​បងប្អូន ​ត្រូវ​ម្តាយ​បោះបង់ចោល នៅ​ឯប្រទេសថៃ

ក្មេងស្រី​វ័យ​ជាង​១០​ឆ្នាំ ២​នាក់​បងប្អូន កំពុង​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​ថៃ ជួយ​បញ្ជូន​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ត្រូវបាន​ម្តាយបង្កើត​បោះបង់ចោល នៅ​កណ្តាល​ទីក្រុង​បាងកក​។

កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ប៉ូលិស​ថៃ​បាន​នាំ​ក្មេងស្រី​២​នាក់ ដែលជា​ជនជាតិខ្មែរ កំពុង​ដើរ​គ្មាន​គោលដៅ​នៅតាម​វាល​ឆ្នេរសមុទ្រ​ផាត់​តា​យ៉ា ប៉ុន្មាន​ថ្ងៃ​មកហើយ ដោយ​មិន​មាន​ឃើញ​ឪពុក ម្តាយ ឬ​បងប្អូន​មកជា​មួយ​សោះ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ក្មេងស្រី​ខ្មែរ​ទាំង​២​នាក់ ដែល​បង​ឈ្មោះ សុមាលី អាយុ​១៥​ឆ្នាំ និង​ប្អូន​ឈ្មោះ ណា​ណា អាយុ​១២​ឆ្នាំ បាន​រៀបរាប់ថា នាង​មាន​ម្តាយ និង​ប្អូន​១​នាក់​ទៀត ព្រមទាំង​បាន​មក​រស់នៅ ផាត់​តា​យ៉ា រយៈ​ពេល​ជាង​២​ឆ្នាំ មកហើយ ដោយ​កាលណោះ​ស្នាក់នៅ​ផ្ទះជួល ហើយ​ម្តាយ​របស់​នាង​បាន​ប្តី​ជា​ជនបរទេស​។

មួយរយៈ​ក្រោយមក​ម្តាយ​នាង​បាន​បែកបាក់​គ្នា ដោយ​ប្តី​ដែលជា​ជនបរទេស​នោះ​ក៏បាន​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ និង​បាន​ផ្តាច់ជំនួយ​ទាំងអស់ ដែល​ធ្វើអោយ​ម្តាយ និង​ពួកនាង​ត្រូវ​ចាក​ចេញពី​ផ្ទះជួល មក​រស់​នៅតាម​ឆ្នេរសមុទ្រ និង​គ្មាន​គោលដៅ​។

នាង​សុមាលី បាន​រៀបរាប់​បន្តថា ទីបំផុត​នៅ​ចុងខែ​មករា នេះ ម្តាយ​នាង​បាន​នាំ​ពួក​នាង​ជិះឡាន​ក្រុង​ទៅកាន់​ទីក្រុង​បាងកក ដោយពេល​ទៅដល់​ទីនោះ ម្តាយ​បាន​ប្រាប់​ពួក​នាង​ទាំង​២​នាក់​ថា អោយ​ចាំ​មួយ​ភ្លែត រួច​គាត់​ក៏​ពរ​ប្អូន​ដើរ​ចេញទៅ​បាត់ ដោយ​មិនឃើញ​ត្រឡប់មកវិញ​ឡើយ រហូត​រយៈពេល​២​ថ្ងៃ ទើប​មាន​តម្រួត​មក​សួរនាំ​។

នៅក្នុង​ទីក្រុង​បាងកក នាង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ថៃ សុំ​ឲ្យ​ជួយ​បញ្ជូន​នាង​មកកាន់​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​មិនអាច​សម្រេច​បាន ទើប​ពួកនាង​សុំអោយ​បញ្ជូន​ទៅកាន់​ផាត់​តា​យ៉ា ដោយ​ប៉ូលិស​យល់ព្រម​ដោយ​បានចេញ​សោហ៊ុយ​ឡានក្រុង និង​ប្រាក់កាស​មួយចំនួន​តូច​សម្រាប់​ចាយវាយ​។

ទីបំផុត​នាង​បាន​នាំ​ប្អូនស្រី​ធ្វើដំណើរ​ទៅកាន់​ឆ្នេរសមុទ្រ​ដូចដើម​ក្រែង​បាន​ជួបនឹង​អ្នក​ម្តាយ​វិញ ប៉ុន្តែ​អ្វីៗ​មិនបាន​ដូច​បំណង​ឡើយ​។ ​បច្ចុប្បន្ន​តម្រួត​ប្រចាំ​តំបន់​ផាត់​តា​យ៉ា​កំពុង​ទាក់ទង​ទៅខាង​អន្តោប្រវេសន៍​ដើម្បី​សម្របសម្រួល និង​បាន​បញ្ជូន​នាង​ទៅកាន់​ស្រុកកំណើត​វិញ​តាម​សំណូមពរ ដោយឡែក​ម្តាយ​នាង​គឺ​បាត់​ដំណឹង​ឈឹង​តែម្តង៕

មតិយោបល់