ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃពុធ ៨កើត ខែបុស្យ ឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៧និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបញ្រ្ចាសទិស មិនប្រកាន់ស្ដាំបានជ្រុលចង្កូតទៅមុខបុក និងកន្ទុយរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវហាមឃាត់គន្លងខាងជើង ចន្លោះគីឡូម៉ែត្រលេខ២១៤–២១៥ ស្ថិតនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6230 បើកបរដោយបុរសឈ្មោះ ដន សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពេជចង្វា ឃុំឬស្សីក្រាំងស្រុកមោងឬស្សី ខេត្តបាត់ដំបង (រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតទៅមុខបុក និងកន្ទុយរថយន្តយ៉ាងពេញទំហឹងជាមួយនឹងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ កំពង់ចាម 3A-7188 បើកបរដោយបុរសឈ្មោះ គៀត មុនី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិភ្នំឌិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (គ្មានរងរបួស) ដោយឃើញអ្នកបើកបរម៉ូតូជិះបញ្ច្រាស់ទិសមិនប្រកាន់ស្ដាំនៅខាងមុខ តៃកុងឡានបានស៊ីផ្លេហើយគេចក្បាលរថយន្តផុតទៅជើង អ្នកបើកបរម៉ូតូក៏ជ្រុលចង្កូតទៅមុខប៉ះនឹងកន្ទុយរថយន្ត បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសបាក់ជើងខាងស្ដាំ។
ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាបើកបរបញ្រ្ចាស់ទិសមិនប្រកាន់ស្ដាំបើកបរលើគន្លងផ្លូវហាមឃាត់ រីឯម៉ូតូនិងរថយន្តសមត្ថកិច្ចយើងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង រង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់