ព័ត៌មានជាតិ

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត​ តេង ឡាយ បើករយ៉ែចុះឡើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-2928 របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បើកបររយ៉ែចុះរយ៉ែឡើង ស្រាប់តែក្រឡាប់ផ្ងារជើងតែម្តង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលនូវទិដ្ឋភាពនេះ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តប្រភេទកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-2928 របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ខណ:តៃកុងបានបើកបររយ៉ែចុះរយ៉ែឡើង មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែរថយន្តខាងលើបានក្រឡាប់ផ្ងារជើងតែម្តង ។

រថយន្តកុងតឺន័រខាងលើនោះ បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ គឺកញ្ចក់បានបែកបាក់ខ្ទេចខ្ទី និងកន្លែងផ្នែកដទៃទៀត ក៏មានការខូចខាតខ្លះផងដែរ ។ ចំណែកឯតៃកុងជាអ្នកបើកបររថយន្តនោះវិញ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោលតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រោយពីកើតហេតុ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ផងដែរ ក្រែងលោមានផលប៉ះពាល់ដល់អ្នកដទៃ ឬមួយក៏ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ:ផ្សេងៗ ។ សូមបញ្ជាក់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នោះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺរងការខូចខាតតែរថយន្តនោះតែប៉ុណ្ណោះ ៕

មតិយោបល់