ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម លួចម៉ូតូប្រតិបត្តិការនេះធ្វើឡើង នៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ កែវ ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ វេលាម៉ោង០៧ និង៣០នាទី កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ឈ្មោះ ឡុក វណ្ណរី ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ សូមឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកឈ្មោះ ប៊ូ ក្រឹម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានលួចយកម៉ូតូម៉ាកហុងដា CUB ចង្កៀងមូលជាកម្មសិទ្ធិរបស់ឈ្មោះ ឡុក វណ្ណរី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ រួចគេចខ្លួនបាត់ ។

លោកអធិការបន្តថា ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានរៀបចំវិធានការ និងដាក់បណ្តាញភ្នាក់ងារ ឲ្យអង្កេតស្រាវជ្រាវ និងផ្តល់ព័ត៌មានជូនសមត្ថកិច្ច អំពីវត្តមានជនសង្ស័យខាងលើនេះ លុះមកដល់ថ្ងៃទី១០ ខែកុម្ភ: នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្ជរ បានទទួលដំណឹងរាយការណ៍ថា បានប្រទះឃើញជនសង្ស័យឈ្មោះ ប៊ូ ក្រឹម កំពុងមានវត្តមានស្នាក់នៅផ្ទះរបស់ឈ្មោះ កែវ ឡៃ ក្រោយទទួលបានព័ត៌មានពីជនសង្ស័យ ភ្លាមៗនោះសមត្ថកិច្ចនគរបាល បានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តៀតប្រគល់ជូន ទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់