ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង នៅខេត្តរតនគិរី

រតនគិរីៈ នៅថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៩និង៤០នាទីព្រឹក មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្ដាលឲ្យឆេះផ្ទះអស់ចំនួនមួយខ្នង ស្ថិតចំណុចក្រោយសាលាខេត្ត ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ម្ចាស់ផ្ទះឈ្មោះ ស៊ី សុវត្ថា ភេទស្រី អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបបកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ផ្ទះទំហំ ០៥x២៨ ម៉ែត្រ ជាផ្ទះតៀមផ្ទាល់ដី ធ្វើអំពីឈើ ជញ្ជាំងបាំងក្តារ ដំបូលប្រក់ស័ង្កសី (ជាផ្ទះធ្វើសម្រាប់ជួល) មានចំនួនមួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង ។

ខូចខាតផ្ទះចំនួន០១ខ្នងឆេះអស់ទាំងស្រុង និងសម្ភារៈមួយចំនួនរបស់អ្នកជួលនៅ ត្រូវឆេះអស់មួយចំនួនធំនិងភ្លើងឆេះរោលដល់ផ្ទះ នៅជិតខាងបន្តិចបន្តួច ដោយបានកងកម្លាំងជំនាញ បង្ការ ពន្លត់ អគ្គិភ័យបានបាញ់ទឹកការពារទាន់ពេលវេលា ទើបភ្លើងមិនអាចឆេះឆ្លងដល់ និងគ្រប់គ្រងហេតុការណ៍បានទាំងស្រុង ។

មូលហេតុ៖ សង្ស័យជាករណីឆ្លងចរន្តអគ្គិសនី នឹងមានស្នូរផ្ទុះកំប៉ុងហ្គាស នៅក្នុងផ្ទះទៀតផងដោយម្ចាស់ផ្ទះមិននៅជាផ្ទះ ធ្វើទុកសម្រាប់ជួល ហើយអ្នកជួលបានចេញពីផ្ទះអស់តាំងពីព្រឹកព្រលឹម និងមិនមានការបាត់បង់អាយុជីវិតមនុស្ស និងរងរបួសឡើយ ។

កិច្ចប្រតិបត្តិការខាងលើនេះ ការិយាល័យជំនាញ បានចេញរថយន្តចំនួន០៤ គ្រឿង រថយន្តប្រចាំការនៅក្នុងស្នងការដ្ឋានមានចំនួន ០៣ គ្រឿង និងរថយន្តជំនួយរបស់អធិការដ្ឋាននគរបាលស្រុកអូរជុំចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៩ រថយន្ត ទើបភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៣០ នាទីថ្ងៃត្រង់ ៕

មតិយោបល់