ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបង្ក្រាបជនជាតិឡាវម្នាក់ ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា និងរឹបអូសវត្ថុតាងជិត១០ គីឡូក្រាម

ស្ទឹងត្រែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា ចាប់ខ្លួនឡាវម្នាក់និងរឹបអូសគ្រឿងញៀនជិត១០ គីឡូក្រាម ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង០៩និង៣០នាទី នៅចំណុចស្ពានទី២ ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោក ឌុក មករា នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងវរ:ការពារព្រំដែនគោក ៧០១. និងកម្លាំងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនត្រពាំគ្រៀល ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្ដម ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង បានដំណើរការស៊ើបអង្កេតស្រាវជ្រាវជាច្រើនខែ និងឈានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខាងលើ ។

លទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ ភីមម៉ាន់ចាន់ កាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ សញ្ជាតិឡាវ ។ ចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE) ១០ ដុំធំ ស្មើទម្ងន់ 9,866.56 g ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងបន្តតាមនីតិវិធី ៕

មតិយោបល់