ព័ត៌មានជាតិ

Update៖ បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តបែនដឹកថ្ម បើកឆ្លងផ្លូវកិនទាំងម៉ូតូនិងមនុស្ស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅពីក្រោមកង់រថយន្តខណ:ដែលរថយន្តបែន ធុនធំបើកឆ្លងផ្លូវចូលការដ្ឋាន កិនម៉ូតូហុងដាគុប ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប កែងមហាវិថី ឈ្នះ ឈ្នះ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញ រថយន្តបែនធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-7924 ដែលបើកបរដោយឈ្មោះ ដុក ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានបើកឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូងចូលការដ្ឋាន ស្រាប់តែកិនម៉ូតូហុងដាគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ 6189 ភព1 ជិះតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត បណ្តាលឲ្យកិនអូសស្លាប់ក្រោមកង់រថយន្តភ្លាមៗ ត្រូវបានសមត្ថកិច្ចប្រចាំគោលដៅភ្លើងស្តុប ឃាត់បានអ្នកបើកបរបានផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងស្រាវជ្រាវស្វែងរកសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់