ព័ត៌មានជាតិ

Update៖ បុរសពោះម៉ាយម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបដើរលោតលូនចូលរថយន្ត កំពុងបើកកិនស្លាប់ភ្លាមៗ

ភ្នំពេញៈ ករណីបុរសម្នាក់មានសតិមិនប្រក្រតី ដោយសង្ស័យមានវិបត្តិផ្លូវចិត្ត កន្លងមកព្យាយាមសម្លាប់ខ្លួនច្រើនលើកមកហើយ តែមិនបានសម្រេច មកដល់លើកនេះ ស្រាប់តែដើរសុខៗស្រាប់តែលោតលូនចូលក្រោមរថយន្ត កំពុងបើក បណ្តាលឲ្យកិនស្លាប់ភ្លាមៗ រួចរថយន្តបើកទៅបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាបុរសពោះម៉ាយ ប្រពន្ធលែងច្រើនឆ្នាំមកហើយ ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិក្បែរកន្លែងកើតហេតុ មានស្រុកកំណើតស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពពីបងប្អូនសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះមានសតិមិនប្រក្រតី និងសង្ស័យមានវិបត្តិផ្លូវចិត្ត កន្លងមកព្យាយាមសម្លាប់ខ្លួនច្រើនដងហើយ តែមិនបានសម្រេច ស្រាប់តែមកដល់ថ្ងៃនេះជួបគ្រោះថ្នាក់ដល់បាត់ជីវិតតែម្តង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះដើរតាមផ្លូវ ស្រាប់តែមានរថយន្តធុនធំសណ្តោងរ៉ឺម៉ក មួយគ្រឿង បើកពីត្បូងទៅជើងមិនចាំស្លាកលេខ បើកយឺតៗមកដល់ ស្រាប់តែជនរងគ្រោះ លូនចូលក្រោមរថយន្ត ទើបបណ្តាលឲ្យកិនពេញទំហឹង បណ្តាលឲ្យស្លាប់តែម្តង ភ្លាមៗរថយន្តឈប់មើលដែរ តែឃើញសភាពមិនស្រួល បើកចាកចេញទៅបាត់ បន្សល់ទុកសពជនរងគ្រោះនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យជាក់ស្តែង សពត្រូវបានប្រគល់ជូនសាច់ញាតិចាត់ចែង យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់