ព័ត៌មានជាតិ

ចិនម្នាក់ស្រវឹងស្រាជោក បើករថយន្តបុកគូទតូយ៉ូតាព្រូស រួចព្យាយាមបើករត់ទៅបុកស្ពានអាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ជនជាតិចិនម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត FORTUNER មួយគ្រឿង យ៉ាងលឿនជ្រុលទៅបុកគូទរថយន្តតូយ៉ូតាព្រូស មួយគ្រឿងទៀត កំពុងឈប់ស្តុប រួចបើកគេចខ្លួនទៅបុកសសរស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ទីតាំងត្រង់ចំណុចក្រោមស្ពាន អាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-5764 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុរថយន្តនោះ បានឈប់ស្តុបស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTAFORTUNER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-0591 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ស្របទិសដៅគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទ រថយន្តតូយ៉ូតាព្រូស បណ្ដាលឲ្យបែកចង្កៀងនិងក្រពឹតកាងរងការខូចខាត ។

ចំណែកឯរថយន្ត បង្កហេតុ FORTUNER មិនបានឈប់នោះទេ បានបន្ថែមល្បឿនបើកគេចខ្លួន បានចម្ងាយ ១០០ម៉ែត្រពីកន្លែង កើតហេតុ បានជ្រុលទៅបុកសសរស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ទៅមុខលែងរួច ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់