ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកគូទរថយន្តកំពុងចតចោល បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកពីក្រោយរថយន្ត ដែលកំពុងចតចោល បណ្ដាលឲ្យរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវបិទមិនឲ្យធ្វើចរាចរណ៍) ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ស្ថិតនៅភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង ម៉ាកហុកឡរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4307 បើកបរដោយបុរសឈ្មោះ វ៉ាន់ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ បានចតរថយន្តចោលនៅលើផ្លូវជាតិ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត មកបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បាត់ដំបង 1R-6549 បើកបរដោយឈ្មោះ ម៉ិល ប៊ុនថៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន ខ្វះការប្រុងប្រយ័ត្ន អ្នកបើកបរអត់ពាក់មួកសុវត្ថិភាព និងបើកបរលើផ្លូវបិទមិនឲ្យធ្វើ ចរាចរណ៍ ។ រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់