ព័ត៌មានជាតិ

យ៉ាងហោចណាស់មានមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ០៥នាក់ រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ តភ្ជាប់ពី ឃុំរំលេច ស្រុកបាកាន ទៅឃុំតាលោ ស្រុកតាលោសែនជ័យ ត្រង់ចំណុចភូមិស្តុកខ្លា ឃុំរំលេច កាលពីវេលាម៉ោង ២០និង២៣នាទី ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតឃើញមាន ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ក្នុងទិសពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបើកឡើងវ៉ារថយន្តមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា ខណៈកំពុងឡើងវ៉ាជែង ក៏បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កដែក ជិះគ្នាពីរនាក់ បើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ទទឹងផ្លូវ រងរបួសទាំងសងខាង ភ្លាមៗនោះក៏មាន ម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ1K-2840 ជិះម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង បានបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យដួល ខូចខាតម៉ូតូ និងរងរបួសអ្នកបើកបរ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ លោកបានបញ្ជាកម្លាំងចេញអន្តរាគមន៍ភ្លាមៗ ដើម្បីសម្រួលចរាចរណ៍ និងជួយសង្គ្រោះជនរងគ្រោះ ។

លោកអធិការបានបន្ថែមថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ជៅ គាំ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នកបើកបរ រងរបួសធ្ងន់ ទី២ឈ្មោះ ណយ សុខឃឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នករួមដំណើររងរបួសស្រាល អ្នកទាំងពីរធ្វើដំណើរដោយម៉ូតូម៉ាកវ៉េវ ស៊េរីឆ្នាំ២០២១ ហើយមានទីលំនៅក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ទី៣ឈ្មោះ ធឿន ធុន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិច្រក់ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរ រងរបួសស្រាល ទី៤ឈ្មោះ បៀន ធារ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរធ្វើដំណើរដោយម៉ូតូម៉ាកវ៉េវ ស៊េរី២០១៤ សណ្តោងរ៉ឺម៉ក និងទី៥ឈ្មោះ ស៊ុន វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នកបើកបរម៉ូតូ ហុងដា សេ១២៥ រងរបួសស្រាល។

លោកវរសេនីយ៍ឯក នាង វុធ បានបន្តថា បច្ចុប្បន្នជនរងគ្រោះទាំងប្រាំនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនិងព្យាបាល នៅមន្ទីរពេទ្យបង្អែកបាកាន ចំណែកឯវត្ថុតាង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ៕

មតិយោបល់