បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសអ្នកបើកម៉ូតូម្នាក់ ត្រូវរថយន្តបុករួចបើកគេចខ្លួន បាត់ដោយសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវខេត្តលេខ២៥៦១A ត្រង់ចំណុចខាងលិចអាងទឹក ចម្ងាយពីអាងប្រហែល១,២០០ម៉ែត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន សៅ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក បានបើកបរម៉ូតូ ម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AL.8343 បាត់ដំបង ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ក្នុងទិសដៅពីទិសខាងលិចមកទិសខាងកើតមកដល់ចំណុច កើតខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងកើតទៅទិសខាងលិចបានបុកម៉ូតូចំពេញ ទំហឹង ខណៈពេលប្តូរទិសបត់ខាងឆ្វេងដៃ បណ្តាលឲ្យជនរងគ្រោះខ្នាតធ្លាក់ចូលប្រឡាយខាងជើងផ្លូវរងរបួសធ្ងន់បាក់ស្មងជើង ខាងស្តាំ ។
រថយន្តក្រោយពីបុករួច បានបើកគេខ្លួនបាត់ស្រមោលឈឹងដោយសុវត្ថិភាព ចំពោះជនរងគ្រោះត្រូវបានសាច់ញាតិនាំយកទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់រថយន្តបើកមាន ល្បឿនលឿន ចំណែកអ្នកបើកម៉ូតូពេលទិសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ៕
មតិយោបល់