ព័ត៌មានជាតិ

រថយន្តដឹកដំឡូងមីបើករេចង្កូតធ្លាក់ផ្លូវបែកកង់បាក់ភ្លៅនៅផ្លូវជាតិលេខ៥៦A

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីណូសណ្តោងរ៉ឺម៉កដឹកដំឡូងមីក្រៀមសង្ស័យអ្នកបើកបរងងុយដេកបានរេចង្កូតធ្លាក់ចូលលូបណ្តាលឲ្យបែកកង់បាក់ភ្លៅនិងសន្ទះរ៉ឺម៉កខាងឆ្វេងផ្នែកខាងក្រោយថ្បង្កឲ្យកកស្ទះចរាចរណ៍រយៈពេលពេញ០១ថ្ងៃ។

ហេតុការណ៍បង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aមុខស្ថានីយ៍ប្រេងឥន្ទនៈស្រីគាង ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងម៉ាកហ៊ីណូពណ៌សសណ្តោងរ៉ឺម៉កពណ៌សដឹកដំឡូងមីក្រៀមពាក់ស្លាកលេខព្រះសីហនុ4A.4052បើកដោយឈ្មោះសីហាភេទប្រុសអាយុប្រហែល២៨ឆ្នាំនៅខេត្តកណ្តាល។ក្រោយកើតហេតុបានគេចខ្លួនឡើងជិះរថយន្ត០១គ្រឿងទៀតទៅបាត់ទុកតែព្រូឡានឈ្មោះថឹងតុលាភេទប្រុសអាយុ២៤ឆ្នាំនៅភូមិថ្មីឃុំថ្លាតភូមិថ្មីស្រុកអន្លង់វែងខេត្តឧត្តរមនាជ័យឲ្យនៅចាំរថយន្ត។

នគរបាលបានឲ្យដឹងទៀតថាតាមការឲ្យដឹងពីឈ្មោះថឹងតុលាជាព្រូឡានមុនពេលកើតហេតុរថយន្តបង្កគ្រោះថ្នាក់នេះបានដឹកដំឡូងមីក្រៀមពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យទៅលក់នៅស្រុកសំពៅលូនខេត្តបាត់ដំបង។

នគរបាលបានបញ្ជាក់បន្ថែមថា៖រថយន្តបានធ្វើដំណោះរពីទិសខាងជើងទៅខាងត្បូងពេលមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងងុយដេកមួយភាំងធ្វើឲ្យរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃបុកបង្គោលព្រំផ្លូវបាក់១ដើមប៉ះបង្គោលដែកអំពូលបំភ្លឺផ្លូវបែកអំពូល១ហើយបានកង់រ៉ឺកម៉កខាងក្រោយធ្លាក់ចូលគម្របលូបាក់អស់០១ផ្ទាំងបណ្តាលឲ្យបែកកង់រថយន្តរ៉ឺកម៉កខាងក្រោយផ្នែកខាងឆ្វេងអស់០២បាក់ភ្លៅនិងសន្ទះមិនអាចទៅមុខរួចហើយក៏មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចតម្រូវឲ្យម្ចាស់រថយន្តធ្វើការជួសជុលទ្រព្យសម្បត្តិរដ្ឋដែលខូចខាតឡើងវិញ៕

 

មតិយោបល់