បាត់ដំបងៈ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការអំពៅ ក្នុងទឹកដីនៃប្រទេសថៃ ទាំងសភាពហើម ស្អុយទៅហើយ ព្រមទាំងស្ថិតក្នុងសភាពអាក្រាតដោយមានតែខោ អាវឈុតក្នុងតែប៉ុណ្ណោះ ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់ដឹងថា តើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានឲ្យដឹងថា សពស្រ្តីម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញកាលពីរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការអំពៅមួយកន្លែងដែលស្ថិតនៅជាយភូមិ៤ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ របាយការណ៍បានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលរួចមក កំលាំងតម្រួតថៃបានចុះទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានពិនិត្យគែសង្គេតឃើញថា សពដេកស្លាប់ក្នុងសភាពច្រង៉ាង គ្មានសំលៀកបំពាក់ គឺមានតែខោលីអូ និងអាវទ្រនាប់តែប៉ុណ្ណោះព្រមទាំងមានក្លិនស្អុយយ៉ាងខ្លាំងទៅហើយ។
នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា សពអាចស្លាប់មកក្នុងរយៈពេលមិនតិចជាង៣ថ្ងៃនោះទេ។ ភ្លាមៗនោះដែរ ខណៈដែលប្រជាពលរដ្ឋកំពុងចោមរោមមើលក៏មានស្ត្រីម្នាក់ឈ្មោះ រិន ភាព ដែលជាជនជាតិខ្មែររស់នៅក្នុងតំបន់ខាងលើ បានអះអាងថាស្ត្រីដែលដេកស្លាប់នៅក្នុងចំការអំពៅនោះមានឈ្មោះ នីម សេម អាយុជាង៧០ឆ្នាំហើយដែលជាអ្នករស់នៅក្នុងភូមិ ឃុំ ខាងលើដែរ ហើយក៏ជាជនជាតិខ្មែរដែរ ដោយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មកម៉្លេះ ទោះបីជាតាមរកយ៉ាងណាក៏មិនប្រទះឃើញដែរ ទើបតែមកឃើញនៅពេលនេះ ។
នៅពេលនោះដែរ សមត្ថកិច្ចបានទុកនាទីឲ្យក្រុមគ្រូពេទ្យដើម្បីធ្វើកោសល្យវិច្ច័យព្រោះក្រោយពេលកើតហេតុសមត្ថកិច្ចបានព្យាយាមរកជុំវិញទីតាំងកើតហេតុដែរខ្លាចប្រទះឃើញនូវវត្ថុតាងផ្សេងៗ ប៉ុន្តែអ្វីក៏គ្មានដែរ ដូច្នេះកំលាំងតម្រួតមិនទាន់ ហ៊ានសន្និដ្ឋានថាមូលហេតុបណ្តាលមកពីអ្វីនោះឡើយ៕
មតិយោបល់