ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវពលរដ្ឋចាប់ប្រគល់សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបស្ពាយ

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបស្ពាយ ដែលម្ចាស់បានដាក់នៅលើម៉ូតូមួយគ្រឿង បានសម្រេចហើយព្យាយាមជិះគេចខ្លួន ទៅបុកពំនូកថ្ម បណ្តាលឲ្យដួលរងរបួស ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ តារា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីនារីពីរនាក់ ដែលបានឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកនាងបានជិះម៉ូតូមួយគ្រឿង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ។ លុះពេលមកដល់ត្រង់ចំណុចខាងមុខអគារប៊ូយ៉ុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ពួកនាងបានប្រទះឃើញជនសង្ស័យខាងលើ រួមជាមួយបក្ខពួកម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ 1AQ-1096 បានជិះទៅឈប់ក្បែរម៉ូតូមួយគ្រឿងម៉ាក ZOOMER-X មិនចាំស្លាកលេខដែលឈប់ចតស្ងៀម រួចក៏បក្ខពួកជនសង្ស័យដែលអង្គុយខាងក្រោយ បានចុះទៅធ្វើសកម្មភាពលួចយករបស់អ្វីម្យ៉ាងពីលើម៉ូតូ ដែលឈប់ចតស្ងៀមនោះបានសម្រេច ។

ភ្លាមៗនោះក៏មានសន្តិសុខ ដែលយាមកាមនៅត្រង់ចំណុចនោះ បានឃើញក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួន ហើយពេលនោះពួកនាង និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានឃើញក៏ជួយជិះដេញតាមពីក្រោយជនសង្ស័យ ។ រហូតមកដល់ចំណុចកើតហេតុ ដោយជនសង្ស័យភ័យស្លន់ស្លោខ្លាំងពេក ក៏បានរេចង្កូតទៅបុកពំនូកថ្ម បណ្តាលឲ្យជនសង្ស័យដែលជាអ្នកបើកម៉ូតូរងរបួសរយះចិញ្ចើម និងបក្ខពួកដែលអង្គុយខាងក្រោយ បានងើបរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ ជនសង្ស័យដែលរងរបួសនោះ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គេនិងបក្ខពួកបានធ្វើសកម្មភាព លួចកាបូបស្ពាយដែលជនរងគ្រោះ បានដាក់នៅលើម៉ូតូចោល បានសម្រេចហើយកាបូបស្ពាយ ដែលលួចបានសម្រេចនោះ ត្រូវបានបក្ខពួកដែលអង្គុយខាងក្រោយ យករត់គេចខ្លួនបាត់ទៅហើយ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានជិះចាកចេញពីកន្លែងកើតហេតុភ្លាមៗ ដោយមិនបានមកដាក់ពាក្យបណ្ដឹងអ្វីនោះទេ ។ ចំណែកឯជនសង្ស័យរួចទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាងសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីកសាងសំណុំរឿង រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់