ព័ត៌មានជាតិ

​ប្រទេស​ហៃ​ទី ​កំពុងស្វែងរក​ជន​រង​គ្រោះ​បន្ទាប់​ពី​ផ្ទុះ​រថយន្ត​ដឹក​ប្រេង ដែល​​សម្លាប់​មនុស្ស​​ចំនួន​ ៦០​នាក់

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​អាជ្ញាធរ​ប្រទេស​ហៃ​ទី​បាន​ស្វែងរក​ជន​រង​គ្រោះ​បន្ទាប់​ពី​ផ្ទុះ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នៅ​ទីក្រុង​ Cap-Haitien​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៦០​នាក់​ ខណៈ​ដែល​មាន​របាយការណ៍​ថា​ អ្នកស្រុក​ដែល​នៅ​ក្បែរ​នោះ​បាន​ព្យាយាម​ដួស​យក​ប្រេង​ចេញពី​រថយន្ត​មុន​ពេល​ផ្ទុះ​។​

​កាលពី​ថ្ងៃ​អង្គា​រ៍​ មនុស្ស​រាប់រយ​នាក់​កំពុង​តែ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​នៅ​ឡើង​ ដោយ​មាន​រួម​ទាំង​អ្នក​ជិតខាង​ដែល​មាន​ភាព​តក់ស្លុត​ និង​កំពុង​តែ​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​ នៅ​តាម​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ព្យាយាម​រុះរើ​សំណល់​ដែក​ដែល​ឆេះ​ខ្លោច​ចេញពី​រថយន្ត​នោះ​ផង​ដែរ​។​

​លោក​ Justorme​ Louis​ Fils​ អាយុ​ ៦៤​ឆ្នាំ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ “​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ចំនួន​អ្នក​ស្លាប់​។​ ខ្ញុំ​អាច​ស្គាល់​ផ្ទះ​មួយ​ចំនួន​របស់​អ្នក​ដែល​ខ្ញុំ​ស្គាល់​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ពួក​គេ​ក្នុង​ចំណោម​ជន​រង​គ្រោះ​បាន​ទេ​”​។​

​លោក​បាន​បន្ថែម​ថា​ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នោះ​បាន​ក្រឡាប់​ ខណៈ​ដែល​ព្យាយាម​គេច​ពី​ម៉ូតូ​មួយ​។​

​កាសែត​ Haitian​ Le​ Nouvelliste​ របស់​ប្រទេស​ហៃ​ទី​ បាន​ដកស្រង់​សម្តី​លោក​ Patrick​ Almonor​ ដែល​ជា​គណៈកម្មាធិការ​ក្រុង​ Cap-Haitien​ ថា​ “​អ្នកស្រុក​កំពុង​សម្រុក​ទៅ​រក​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នោះ​ នៅ​ពេល​ដែល​វា​ផ្ទុះ​”​។​

​ដោយសារ​តែ​ការ​ខ្វះខាត​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ហៃ​ទី​ជា​ច្រើន​នាក់​ មានការ​ព្រួយ​បារ​ម្ម​ណ៍​នឹង​ការ​ធានា​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ៕

មតិយោបល់