ព័ត៌មានជាតិ

មនុស្សប្រុសស្រី៤នាក់ចូលដេកក្នុងរថយន្ត បណ្តាលឲ្យដាច់ខ្យល់ស្លាប់២នាក់ ចំណែក២នាក់ផ្សេងទៀតបានសន្លប់

ភ្នំពេញ: នៅវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានករណីប្រុសស្រី៤នាក់ ដេកក្នុងរថយន្តមួយគ្រឿង បណ្តាលឲ្យដាច់ខ្យល់ស្លាប់២នាក់ និងសន្លប់ស្តូកស្តឹង២នាក់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ២នាក់៖ ១-ឈ្មោះ វ៉ា ចាន់សុនីតា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះទីលំនៅផ្ទះកើតហេតុ ។ ២-ឈ្មោះ ញ៉ ផល្លា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវបេតុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះទាំងពីរនាក់នេះ ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកម្លិះ ។

ដោយឡែកសាកសពជនរងគ្រោះ២នាក់៖ ១-ឈ្មោះ ចម្រើន ឆៃយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកតាក់ស៊ី ស្នាក់នៅផ្ទះកើតហេតុ (ជាម្ចាស់ផ្ទះ) និងម្ចាស់រថយន្តម៉ាក HIGHTLANDER និងជាមិត្តប្រុសរបស់ជនរងគ្រោះឈ្មោះ វ៉ា ចាន់សុនីតា ភេទស្រី អាយុ២៥ឆ្នាំ ។ ២-សាកសពឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវបេតុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាប្តីរបស់ជនរងគ្រោះឈ្មោះ ញ៉ ផល្លា ភេទស្រី អាយុ២៣ឆ្នាំ និងជាម្ចាស់រថយន្តម៉ាក PRIUS ។

យោងតាមការបំភ្លឺពីឈ្មោះ អ៊ុក សុភក្តិ ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកជិតខាងរបស់ជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ពេលភ្ញាក់ពីដេកមក ខ្ញុំបានឮសំឡេងបញ្ឆេះរថយន្តចេញពីផ្ទះជនរងគ្រោះ រួចខ្ញុំក៏បានដើរចេញមកក្រៅ ឃើញមានរថយន្តម៉ាក PRIUS ពណ៌ប្រផេះមួយគ្រឿងចត នៅមុខផ្ទះគេពីខាងមុខផ្ទះជនរងគ្រោះ ហើយទ្វារផ្ទះជនរងគ្រោះបិទចាក់សោពីក្នុង តែខ្ញុំមិនបានចាប់អារម្មណ៍ ។ លុះដល់ល្ងាចឡើងនៅតែឮសំឡេងបញ្ឆេះរថយន្តដដែល ខ្ញុំក៏មានការសង្ស័យហើយបានទៅគោះទ្វារផ្ទះរបស់ជនរងគ្រោះ និងស្រែកហៅជាច្រើនដងតែមិនមានសំឡេងតប ទើបខ្ញុំទូរស័ព្ទទៅម្តាយរបស់ជនរងគ្រោះប្រាប់ពីដំណើររឿង ពេលម្តាយរបស់ជនរងគ្រោះមកដល់ គាត់ក៏បានយកកូនសោលូកចាក់បើកទ្វារពីខាងក្នុង ចូលទៅឃើញរថយន្តកំពុងបញ្ឆេះ ហើយក៏បានបើកទ្វារខាងក្រោយឃើញ ជនរងគ្រោះ និងមនុស្សប្រុសម្នាក់អង្គុយនៅលើកៅអី ហើយមានមនុស្សស្រីចំនួន២នាក់ដេកពីលើអ្នកទាំង២ តែមនុស្សស្រីទាំង២នាក់នៅមានដង្ហើមក៏បានទាក់ទងទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះដឹកមនុស្សស្រីទាំង២នាក់នោះទៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះ និងមនុស្សប្រុសម្នាក់ទៀតអង្គុយស្លាប់ជាប់គ្នា ។

ករណីដដែលនេះ តាមការបំភ្លឺពីឈ្មោះ ឆេង ធី ភេទស្រី អាយុ៥២ឆ្នាំ ជាម្តាយបង្កើតរបស់ឈ្មោះ ចម្រើន ឆៃយ៉ា ភេទប្រុស បានឲ្យដឹងថា កូនប្រុសរបស់នាងខ្ញុំរស់នៅផ្ទះកើតហេតុជាមួយនឹងមិត្តស្រី២នាក់ ដោយខ្ញុំរស់នៅផ្ទះផ្សេង ។ នៅល្ងាចថ្ងៃទី០៩ មីនា ឆ្នាំ២០២២ ពេលខ្ញុំកំពុងតែនៅផ្ទះស្រាប់តែអ្នកដែលរស់នៅជាប់ផ្ទះកូនប្រុសនាងខ្ញុំទូរស័ព្ទមកប្រាប់ថា កូនប្រុសនាងខ្ញុំបានបញ្ឆេះរថយន្តនៅក្នុងផ្ទះតាំងពីព្រឹកមកម៉្លេះ សង្ស័យមានអ្វីមិនស្រួល ហើយចាក់សោពីក្នុងទៀត ពេលនោះនាងខ្ញុំក៏បានប្រញាប់ចេញទៅផ្ទះកូនប្រុសនាងខ្ញុំ ជួបជាមួយអ្នកជិតខាង ហើយនាងខ្ញុំបានយកកូនសោលូកចាក់ពីខាងក្នុង បើកទ្វារចូលទៅក្នុងផ្ទះឃើញរថយន្តកំពុងបញ្ឆេះ ហើយនាងខ្ញុំក៏បានបើកទ្វាររថយន្ត ឃើញកូនប្រុសនាងខ្ញុំកំពុងអង្គុយ នៅជាប់ជាមួយនឹងមនុស្សប្រុសម្នាក់ទៀត នៅកៅអីខាងក្រោយ ហើយមិត្តស្រីកូនប្រុសនាងខ្ញុំដេកពីលើ ចំណែកមនុស្សប្រុសម្នាក់ទៀតក៏មានមនុស្សស្រីដេកពីលើដូចគ្នា ឃើញដូចនេះមាននាងខ្ញុំក៏បានស្រែកឆោឡោហៅគេឲ្យជួយ យកមិត្តស្រីកូនប្រុសនាងខ្ញុំ និងមនុស្សស្រីម្នាក់ទៀតទៅមន្ទីរពេទ្យ ចំណែកកូនប្រុសនាងខ្ញុំ និងមនុស្សប្រុសម្នាក់ទៀតបានស្លាប់បាត់ទៅហើយ ។

ស្រ្តីម្នាក់ឈ្មោះ ស៊ីវ ហុង ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ឡូវ ឆាយហុង ភេទប្រុស បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៨ មីនា ២០២២ កូនប្រុសរបស់នាងខ្ញុំ និងប្រពន្ធ បានសុំនាងខ្ញុំចេញទៅញ៉ាំអីជាមួយមិត្តភក្តិ ដោយបានបើករថយន្តម៉ាក PRIUS ពណ៌ប្រផេះ ចេញទៅបាត់ ។ រហូតដល់ពាក់កណ្ដាលអធ្រាត្រ នាងខ្ញុំបានទូរស័ព្ទទៅកូនប្រុសរបស់នាងខ្ញុំ ហើយកូនប្រុសរបស់នាងខ្ញុំ បានលើកទូរស័ព្ទនិយាយប្រាប់ថា មិនអីទេនៅផឹកស៊ីផ្ទះមិត្តភក្តិ ហើយនាងខ្ញុំក៏បានខឹងកូន រួចមិនបានទូរស័ព្ទទៅទៀតទេ ។ រហូតដល់ល្ងាចថ្ងៃទី០៩ មីនា ២០២២ ស្រាប់តែប្តីរបស់នាងខ្ញុំ បានទូរស័ព្ទមកប្រាប់ថា កូនប្រុសនាងខ្ញុំបានស្លាប់នៅផ្ទះរបស់មិត្តភក្តិ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ហើយនាងខ្ញុំក៏បានទំនាក់ទំនងអ្នកស្គាល់គ្នារកឃើញទីតាំង និងបានទៅដល់ផ្ទះនោះឃើញមានសមត្ថកិច្ច ហើយនាងខ្ញុំបានចូលទៅក្នុងផ្ទះឃើញកូនប្រុសនាងខ្ញុំស្លាប់មែន ។

ហេតុការណ៍ករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះទាំង២នាក់ខាងលើ ស្លាប់ដោយសារគាំងបេះដូង ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់