ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនពេញទំហឹង ខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ មានករណីរថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំស្ដុបផ្សារទំនើបAEON2 តាមបណ្ដោយផ្លូវ១០០៣កែងនិងផ្លូវ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0026 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះដែលក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-2148 ដែលបើកបរដោយស្ត្រីម្នាក់ តាមបណ្ដោយផ្លូវ៩២ ពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុដោយមិនប្រយ័ត្នរថយន្តទាំងពីរគ្រឿង ក៏បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្ត តូយ៉ូតាព្រូស រងការខូចខាតបែកកាងផ្នែកខាងមុខចំហៀងខាងឆ្វេង ចំណែកឯរថយន្តហាយលែនឌ័រ បានរងការខូចខាតក្រពឹត និងបែកកង់ខាងមុខចំហៀងខាងស្ដាំ។

ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏បានធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីទាំងពីរ ក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់