ព័ត៌មានជាតិ

មន្ដ្រី​កាំកុង​ត្រូល ​រក​ឃើញ​​​ទឹកក្រូច​ដប​ហួស​​កាលបរិច្ឆេទ ជាង​១០០​ដប

សៀមរាបៈ ​ការធ្វើ​ចរាចរ​ចែកចាយ និង​ការ​ដាក់តាំង​លក់​ទឹកក្រូច​ដប​ជ័រ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ​ចាប់តាំងពី​ដប​តូច មធ្យម និង​ដប​ធំ ​នៅលើ​ទីផ្សារ​ជនបទ វា​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។

​លោក ង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ​បាន​​ដឹកនាំ​ក្រុមការងារ​ ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​សុវត្ថិភាព​ភេសជ្ជៈ និង​ចំណីអាហារ នៅ​តាម​បណ្តា​ផ្សារ​នៃ​ទីប្រជុំជន​នានា ​មាន​ចំនួន​៤​ស្រុក គឺ (ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន) (ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ) (ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ) និង​ចុងក្រោយ​បំផុត នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​បាន​បន្តថា បញ្ហា​ប្រឈម​ចំពោះ​ វត្តមាន​ទឹកក្រូច​ដប​ជ័រ​ហួស​កាលកំណត់​ប្រើប្រាស់​នៅ​ទី​ជនបទ​គឺ​ទី​១ ​ក្រុម​ឈ្មួញ​បោះ​ដុំ​ទំនិញ​ចេញពី​ទីក្រុង​ទាំងនោះ ឬ​ឈ្មួញ​បោះ​ដុំ​មិន​មាន​ប្រភព​ច្បាស់លាស់​ មិនមាន​ភាពស្មោះត្រង់​ចំពោះ​ដៃគូ​លក់រាយ​របស់ខ្លួន​នៅតាម​ទីជនបទ ​ទី​២ អ្នកលក់​រាយ​តាម​ផ្សារ​ជនបទ ​ការយល់ដឹង​នៅមានកម្រិត រួមផ្សំ​នឹង​ការធ្វេសប្រហែស​ផងដែរ ចំ​ពោះ​ការជ្រើសរើស​ទំនិញ ការពិនិត្យ និង​ការរៀបចំ​ទុកដាក់​ទំនិញ​របស់ខ្លួន​។ ដូចជា​នៅ​ផ្សារ​ទីប្រជុំជន​ស្រុក​ស្វាយ​លើ តាម​ផ្ទះ​លក់​ចាប់ហួយ​ចំនួន​៣​ផ្ទះ ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​ ប្រមូលបាន​ទឹកក្រូច​ដប​ជ័រ​ហួស​កាលកំណត់​ប្រើប្រាស់​បាន​ចំនួន​ជាង​១០០​ដប ​ក្រៅពីនោះ​មាន​មី​កញ្ចប់​ កាហ្វេ​កញ្ចប់ ទឹកដោះគោ​ខាប់ និង​ស្ក​រគ្រាប់​មួយ​ចំនួនទៀត​។

លោក បន្ថែមថានៅក្នុង​ផ្សារ​ស្រុក​ស្វាយ​លើ ការពិនិត្យ​ និងពិសោធន៍​ រក​ជាតិគីមី​លើ​ចំណីអាហារ រួមមាន ស្ពៃជ្រក់ ប្រហុក សណ្តែកបណ្តុះ ​សាច់ក្រក ផ្លែឈើ និង​ការពិនិត្យ​ជាតិ​អ៊ីយ៉ូត​ ក្នុង​អំបិល ឃើញថា ​ស្ថិតក្នុង​សភាព​ល្អប្រសើរ ​ដោយ​មិនបាន​រក​ឃើញ​សារធាតុ​គីមី​ណាមួយ​ដែល​ច្បាប់​ហាមឃាត់​នោះឡើយ​។​

លោក ង៉ែត ចេក បញ្ជាក់ថា ប្រតិបត្តិការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ទាំងនេះ ក្រុមការងារ​បាន​ព្យាយាម​ពន្យល់ ណែនាំ និង​អប់រំ​ឲ្យ​បណ្តា​អាជីវករ ​អ្នកលក់ដូរ​ចំណីអាហារ និង​ភេសជ្ជៈ​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​សុខភាព​អតិថិជន​របស់ខ្លួន​។ ឯ​ការ​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ពី​អ្នកលក់​ វា​មិនមែនជា​គោលដៅ​របស់​កាំកុងត្រូល​នោះទេ​ តែ​អ្វី​ដែលជា​ជោគជ័យ​របស់​មន្រ្តីកាំកុងត្រូល គឺ​នៅ​តាម​បណ្តា​ទីផ្សារ​នានា​ មិនមាន​ការដាក់​តាំង​លក់ទំនិញ​ខូចគុណភាព ឬ​ទំនិញ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ ដើម្បី​សុខភាព​ល្អប្រសើរ​ របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​៕

kamkongtrolsrkamkongtrolsr1kamkongtrolsr2kamkongtrolsr3kamkongtrolsr4kamkongtrolsr5

មតិយោបល់