ព័ត៌មានជាតិ

រថយន្តឡិចស៊ីស១គ្រឿងបើកបុកម៉ូតូកង់បី បណ្តាលឲ្យខ្ទាតឡើងសួនពុះចែកទ្រូងផ្លូវ រងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១និង១៦នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿងម៉ាកឡិចស៊ីស ពាក់ស្លាកលេខកម្ពុជា NYNY.NSK ពណ៌ស បើកបុកម៉ូតូកង់បី១គ្រឿង បណ្តាលឲ្យខ្ទាតឡើងសួន ពុះចែកទ្រូងផ្លូវ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកឡិចស៊ីស ពណ៌ស បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បី១គ្រឿង ដែលបើកបរស្របទិសដៅគ្នា បានបើកបត់ឆ្លងកាត់ពីមុខភ្លាមៗ បណ្តាលឲ្យរថយន្តបុកខ្ទាតម៉ូតូកង់បីឡើងសួនពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណទាំងសងខាងផងដែរ ។

ករណីនេះយោងតាមការឲ្យដឹងពីម្ចាស់រថយន្ត បាននិយាយប្រាប់ថា នៅពេលដែលកំពុងបើកបរសុខៗនោះ មានម៉ូតូកង់បី១គ្រឿង បើកបរធ្វើដំណើរស្របទិសដៅគ្នា ហើយស្រាប់តែម៉ូតូកង់បីនោះ បានបើកបត់កាត់ពីមុខភ្លាមៗចម្ងាយ៣ម៉ែត្រ ធ្វើឲ្យគាត់ជាន់ហ្វ្រាំងមិនទាន់ក៏បុកផាំងតែម្តង ។

នៅក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែករណីនេះ ភាគីទាំងសងខាង ដោះស្រាយគ្នាមិនត្រូវនោះទេ ហើយភាគីទាំងពីរ បានរង់ចាំវត្តមានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ជើងគោកចុះមកវាស់វែង ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ។

ករណីនេះក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនោះដែរ ។ នេះគ្រាន់តែជាព័ត៌មានបឋម ។ សូមបញ្ជាក់ថា: ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺគ្រាន់តែរងការខូចខាតផ្នែករថយន្ត និងម៉ូតូកង់បីតែប៉ុណ្ណោះ ៕

មតិយោបល់