ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-2329 មានប្រពន្ធនិងកូនរួមដំណើ ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរភ្នំពេញ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ចំណុចផ្លូវកោងតៃកុងបួងចង្កូតមិនទាន់ជ្រុលឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងមួយដើមបាក់ដួលដល់ដី ។ ចំណែកឯរថយន្តបង្កហេតុបានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះ អ្នកបើកបរបាននាំប្រពន្ធនិងកូនចេញពីកន្លែងកើតហេតុរត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះទៅវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តបង្កហេតុចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ចទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់