ព័ត៌មានជាតិ

ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៩នាក់ នគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

កែប: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ។

ជនសង្ស័យខាងលើកម្លាំងជំនាញសហការបង្ក្រាប តាមការសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង និងការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី២៥ និង២៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិចំនួន៤ នៃសង្កាត់កែប និងសង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដោយដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ (ទម្ងន់១៣.១៨ក្រាម) ,ម៉ូតូចំនួន៦គ្រឿង ,ទូរស័ព្ទដៃចំនួន៩គ្រឿង និងឧបករណ៍វេចខ្ចប់ និងជក់មួយចំនួនទៀត ។

ជនសង្ស័យរួមមានឈ្មោះដូចខាងក្រោម៖
១- រស់ ឡាដាំង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរទិញអេតចាយ ។
២- ស៊ឹម ចាន់ណា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ ។
៣- អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរលក់មីឆា ។
៤- សេក វណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរផ្សាដែក ។ ទាំង៤នាក់ រស់នៅភូមិកែប សង្កាត់/ក្រុងកែប ។
៥- ឡេង យ៉ាងកែវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកសិករ ។
៦- ហ៊ឹម អាប់ឌុលឡោះ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ ។ ទាំង២នាក់ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។
៧- ម៉ក់ សួនវិបុល ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរអាជីវករ ។
៨- ចន ម៉ី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ ។ ទាំង២នាក់ រស់នៅភូមិកែវ ក្រសាំង សង្កាត់/ក្រុងកែប ។
៩- ប៉ុល រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ របស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ៕

មតិយោបល់