ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់បុកគ្នាជាមួយរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្សរងរបួស និងក្រឡាប់រងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមី​នា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង រវាងម៉ូតូឌ្រីមសង់ និងរ៉ឺម៉កម៉ូតូកង់បីបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ 1JD-7019 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាជាមួយរ៉ឺម៉កម៉ូតូកង់បី១គ្រឿង បណ្តាលឲ្យភាគីរ៉ឺម៉កក្រឡាប់ និងរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ករណីនេះមានមនុស្សរងគ្រោះថ្នាក់ស្រាលផងដែរ មិនធ្ងន់ធ្ងរនោះទេ ។

បន្ទាប់ពីកើតហេតុរួចភាគីទាំងពីរ បានធ្វើការចរចាគ្នារកដំណោះស្រាយនៅនឹងកន្លែងកើតហេតុដែរ ប៉ុន្តែការចរចានេះមិនត្រូវគ្នានោះទេ ដោយភាគីទាំងសងខាងបានជជែកគ្នារកត្រូវរៀងៗខ្លួន ។

បន្តិចក្រោយមក វត្តមានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ បានចុះមកធ្វើការអន្តរាគមន៍ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការសម្របសម្រួល ឲ្យភាគីទាំងពីរចរចាគ្នាម្តងទៀត ដើម្បីរកដំណោះស្រាយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយ នៃភាគីទាំងពីរនោះយ៉ាងណាទេ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់