ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថានៅវេលាម៉ោង១១និង៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងទីតាំងអីុនធើណេតមួយកន្លែងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូនៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះវ៉ាន់ សុខវិច្ឆកា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថាកាលពីវេលាម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ ជនរងគ្រោះបានចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរតាមបណ្តោយផ្លូវ៥៨ប៉េ ភូមិដីថ្មីសង្កាត់ គោកឃ្លាង ឆ្ពោះទៅផ្ទះវិញលុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន ៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរួសពណ៌ខ្មៅក្រហមគ្មានស្លាកលេខបានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូរងគ្រោះម៉ាកប៊ីតពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ពាក់ស្លាកលេខភ្នំពេញ 1AQ-6683 បណ្ដាលឱ្យដួលរួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅម្តុំវត្តអង្គតាមិញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះកម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតដល់ឃាត់សង្ស័យបានំនួន១នាក់ចំណែកបក្សពួក ២នាក់ទៀតបានរត់គេចខ្លួន។ ហើយនៅវេលាម៉ោង១៧និង ១៥ នាទីកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានសហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានចុះទៅយកម៉ូតូជនរងគ្រោះ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរងគ្រោះវិញផងដែរ។
ក្រោយពីស្ដាប់ចម្លើយរបស់សង្ស័យ និងជនរងគ្រោះឃើញថាមានភាពស៊ីសង្វាក់គ្នាដូចការចោទប្រកាន់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមនិតិវិធីច្បាប់ចំណែកបក្ខពួកដែលគេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្តទៀត៕
#PhnomPenhGRK
មតិយោបល់