ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស ២នាក់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យុវជន០១នាក់ស្លាប់ និង០១នាក់ទៀតរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៦យប់ថ្ងៃសៅរ៍ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ នៅចុងភូមិឈូក (ចំណុចផ្លូវកោងស្ពានកណ្តោល) ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក Honda Civic ឆ្នាំ៩៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2F-2990​ បើកបរដោយឈ្មោះ លួត គឹមហៃ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុនៅចុងភូមិឈូក (ចំណុចផ្លូវកោងស្ពានកណ្តោល) ឃុំចង្ហា បានកៀរម៉ូតូម៉ាក msx ពាក់ផ្លាកលេខបន្ទាយមានជ័យ 1O-8293 ពណ៌ក្រហមខ្មៅ ស៊េរីឆ្នាំ​២០១៦ ក្នុងទិសដៅស្របទិសគ្នា ជិះឌុបគ្នា០២នាក់ បើកបរដោយឈ្មោះ អួង អឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរួមដំណើរ ឈ្មោះ ខៃ មករា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ អ្នកបើកបររថយន្តឃាត់ខ្លួនបាន កម្លាំងនគរបាលជំនាញនាំមកសួរនាំនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររបួសមធ្យម។ រថយន្តបើកបរក្នុងល្បឿនលឿនបានកៀរម៉ូតូដែលមានល្បឿនលឿនដែរ បណ្តាលឲ្យកើតមានគ្រោះថ្នាក់តែម្តង។ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់