(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចចរចាសន្តិភាពនៅពេលអនាគតជាមួយរុស្ស៉ី នៅក្នុងប្រទេស តួកគី អាចនឹងធ្វើទៅរួច គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែទីក្រុងកៀវពិតជាចង់បានកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចប់សង្រ្គាម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចេញពីស្ថានីយរថភ្លើងក្រោមដី ស្ថិតនៅចំកណ្ដាលទីក្រុងកៀវនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះគឺជាអ្នកត្រូវបញ្ចប់វាទៅវិញ…ហើយតាំងតែដើមដំបូង, ខ្ញុំបានទទូចឱ្យ មានកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៉ី។ ខ្ញុំមិនចង់ជួបគាត់ (លោក ពូទីន) ទេ ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែជួបជាមួយគាត់ ព្រោះវាជាមធ្យោបាយបញ្ចប់ ជម្លោះដោយការទូត»។
តែទោះជាយ៉ាងណាក៏ដោយ ខណៈទទូចចង់ជួបចរចាជាមួយលោក ពូទីន, លោក ហ្សេលេនស្គីក៏បានព្រមានដែរថាអ៊ុយក្រែននឹងអាចលុបចោល កិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ប្រសិនបើកងទ័ពរបស់ខ្លួនក្នុងទីក្រុងម៉ារីយូប៉ូល ត្រូវបានសម្លាប់៕
ប្រភព៖ Al Jazeera
មតិយោបល់