ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ បានសម្រេច ហេតុការណ៍នេះ ស្ថិតម្ដុំក្បែរផ្សារ៧មករា តាមបណ្ដោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ សូហៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ សៅ នូរតនៈ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក ហុងដាប៊ីត ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JD-2193 ដែលត្រូវជនសង្ស័យ និងបក្ខពួកប្លន់យកទៅបានសម្រេច។
តាមប្រភពព័ត៌មានពីបុរសជាជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនដឹកនារីជាសង្សារត្រឡប់មកពីញ៉ាំអីនៅឯពោធិ៍ចិនតុង ហើយជូននាងត្រឡប់មកផ្ទះជួលរបស់នាង ដែលនៅត្រង់ចំណុចកើតហេតុ។ ជនរងគ្រោះក៏បានចុះពីលើម៉ូតូតែម្នាក់ឯង ចំណែកឯនារីជាសង្សារនៅអង្គុយលើម៉ូតូ ហើយជនរងគ្រោះក៏បានទៅចាក់សោទ្វារផ្ទះជួលរបស់នារីជាសង្សារ ដោយមិនបានដកសោចេញពីម៉ូតូនោះទេ។ ខណៈពេលដែលកំពុងតែឈរចាក់សោទ្វារផ្ទះជួល ក៏ស្រាប់តែលេចមុខជនសង្ស័យ និងបក្ខពួកបានដើរមកធ្វើសកម្មភាពធាក់នារីជាសង្សារ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូហើយជនសង្ស័យ ក៏នាំគ្នាឡើងជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ។ ពេលនោះជនរងគ្រោះក៏បានស្ទុះរត់ទៅប្រតាយប្រតប់ធ្វើឲ្យជនសង្ស័យខាងលើធ្លាក់ពីលើម៉ូតូ ត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់បានភ្លាមៗ។ ចំណែកឯបក្ខពួកម្នាក់ទៀតក៏បានបន្ថែមល្បឿនជិះយកម៉ូតូរបស់ជនរងគ្រោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
មតិយោបល់