បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស០១នាក់បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ និងផ្ទះចំនួន៥៨ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មហន្តរាយដោយសារបាតុភូតធម្មជាតិនេះបានកើតឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតដោយសាររន្ទះបាញ់ឈ្មោះ ផល ភាន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២១ វេលាម៉ោង០៣ និង៣០នាទី ល្ងាច ស្ត្រីរងគ្រោះកំពុងចិតបន្លែផ្លែត្នោត នៅក្រោមផ្ទះ ស្របពេលនោះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំនឹងផ្គររន្ទះបានបាញ់ផ្ទះរបស់គាត់ បណ្តាលឲ្យត្រូវជនរងគ្រោះ រងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ នៅវេលាម៉ោង០៧យប់ ថ្ងៃដដែល ។
នៅវេលាម៉ោង០៤និង១៧នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះផងដែរ ឃុំចំនួន០៣នៅស្រុកម៉ាឡៃ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៥៨ ខ្នងបានរងការខូចខាតធ្ងន់ ស្រាល ។
នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៥៨ ខ្នង ដែលរងការខូចខាតធ្ងន់ ស្រាល ក្នុងឃុំចំនួន០៣ នៅស្រុកម៉ាឡៃ មាន៖ ១-ឃុំបឹងបេង ប៉ះពាល់០៦ខ្នង, ២-ឃុំទួលពង្រ ប៉ះពាល់៥១ខ្នង, ៣-ឃុំតាគង់ ប៉ះពាល់០១ខ្នង ។
នគរបាលបានបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះ ពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។ នៅថ្ងៃទី២៩ ខែមសា ឆ្នាំ២០២២ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានចុះរុះរើ រៀបចំនិងជួសជុលជូនប្រជាពលរដ្ឋឡើងវិញផងដែរ ៕
មតិយោបល់