ភ្នំពេញៈ លោកគន់ គីម មន្ត្រីជាន់ខ្ពស់ ក្នុងកងអង្គរក្សនាយករដ្ឋមន្ត្រី បានបើកសម្ពោធ ក្លិបហាត់ប្រាណ កម្រិតអន្តរជាតិ ធំមួយមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ដែលមាន ឈ្មោះថា «ក្លិបហាត់ប្រាណ ភូមិគ្រឹះ ចោមចៅ» នៅជិតរង្វង់មូល ចោមចៅ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ។
ក្លិបនេះ ត្រូវបានវិនិយោគ ដោយក្រុមហ៊ុនក្នុងស្រុកមួយ និងត្រូវបាន ប្រកាសថា ចំណាយអស់ជាង១លានដុល្លារ ។ ក្រៅពីបំពាក់ដោយម៉ាស៊ីន ហាត់ប្រាណទំនើបៗ អាងហែលទឹក កម្រិតអន្តរជាតិ ក្លិបនេះក៏មាន ឧបករណ៍ហាត់ប្រាណ យ៉ាងសំបូរបែប អមដោយបន្ទប់ស្ទីម អាងទឹកក្ដៅ យ៉ាងទំនើប និងកន្លែងអាហារដ្ឋានទ្រង់ទ្រាយធំ នៅក្នុងនោះផងដែរ។
លោកគន់ គីម ដែលត្រូវបានអញ្ជើញ ជាគណប្រតិភូ ក្នុងការសម្ពោធ បើកក្លិបនោះ បានទទូចឲ្យពលរដ្ឋ ចូលរួមលើកកំពស់ លើការថែទាំ សុខភាព ទន្ទឹមនឹងការរីកចំរើន នូវក្លិបហាត់ប្រាណ សឹងនឹងគ្រប់ទីកន្លែង នៅទូទាំងប្រទេស។ លោកថាពលរដ្ឋ គ្រប់រូបគួរតែមានការ ចំណាយ ពេលហាត់ប្រាណ ដើម្បីសុខភាព ដែលហាត់ជាមួយនឹង ឧបករណ៍ទំនើបៗ តាមក្លិបហាត់ប្រាណ ឬតាមមធ្យោបាយផ្សេងៗ ដើម្បីជៀសផុតពី ការប៉ះពាល់នូវ បញ្ហាសុខភាព។
លោកបានបង្ហាញការស្វាគមន៍ ចំពោះវត្តមាន របស់ក្លិបហាត់ប្រាណ «ភូមិគ្រឹះចោមចៅ» ដែលលោកបញ្ជាក់ថា ក្លិបនេះ គឺជាទីតាំងហាត់ប្រាណ កម្រិតអន្តរជាតិធំ មួយនៅកម្ពុជា និងថាក្លិបនេះ ក៏នឹងជួយទាក់ទាញនូវ ការវិនិយោគ លើអាជីវកម្ម បើកក្លិបហាត់ប្រាណ បន្តបន្ទាប់ទៀត ពីសំណាក់ ក្រុមហ៊ុនផ្សេងៗ កាន់តែច្រើននៅក្នុង ប្រទេសកម្ពុជា៕
មតិយោបល់