ភ្នំពេញ: កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយ បង្កការភ្ញាក់ផ្អើល ខណៈបានឆាបឆេះផ្ទះជួលមួយកន្លែងលេខ៣១ ស្ថិតនៅក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅពេលដែលម្ចាស់មិននៅ ហើយបានបិទទ្វារចាក់សោចោល ព្រោះតែរវល់ចេញទៅធ្វើការរកស៊ីនៅខាងក្រៅ ។
ម្ចាស់ផ្ទះកើតហេតុពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ គាត់បានជួលផ្ទះនេះឲ្យទៅអ្នកដទៃស្នាក់នៅយូរមកហើយ ពេលនេះផ្ទះខាងលើបានរងការខូចខាតសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងនោះត្រូវបានភ្លើងឆេះអស់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកដែលស្នាក់នៅផ្ទះជួលនោះពុំបាននៅទេ ព្រោះជាប់រវល់ចេញទៅធ្វើការរកស៊ីនៅខាងក្រៅ ហើយបានបិទទ្វារចាក់សោចោល ។ ក្រោយមកក៏ស្រាប់តែមានភ្លើងឆាបឆេះចេញពីខាងក្នុង បង្កជាផ្សែងហុយយ៉ាងខ្លាំង ខណៈនោះមានការព្រួយបារម្ភ ខ្លាចឆេះរាលដល់ផ្ទះជាប់ៗគ្នានោះទៀត
ទើបអ្នកជិតខាងបានរាយការណ៍សុំជំនួយ ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះអាជ្ញាធរបាននាំយករថយន្តពន្លត់អគ្គិភ័យ២គ្រឿង ដែលប្រចាំការ នៅសាលាខណ្ឌពោធិ៍សែនជ័យ ទៅបាញ់ពន្លត់រហូតរលត់ទៅវិញ ហើយមូលហេតុនៃការឆាបឆេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕
មតិយោបល់