ព័ត៌មានជាតិ

បុរសម្នាក់ប្រើប្រាស់សារធាតុញៀន រហូតមានជំងឺសសៃប្រសាទ លោតចូលលូទឹកអណ្ដូងជំរៅ ៨កង់ បណ្តាលឲ្យស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី មានករណីអត្តឃាត ដោយមានមនុស្សលោតចូលក្នុងលូទឹកអណ្ដូងចេញជំរៅ ០៨កង់ ស្មើរ០៤ម៉ែត្រ ស្ថិតនៅក្រោយសាលាសុវណ្ណភូមិ ចំនុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ អឹម វឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់នៅទីកន្លែងកើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ។

តាមការបំភ្លឺរបស់ឈ្មោះ អឹម វ៉ាន់ (ម្ដាយបង្កើតសព) ភេទ ស្រី អាយុ ៦៤ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា កន្លង មកកូនប្រុសរបស់ខ្លួនឈ្មោះ អឹម វឿន ធ្លាប់មានជំងឺសសៃប្រសាទ និងប្រើប្រាស់គ្រឿងញៀនផង ខ្លួនក៏យកកូនទៅដាក់នៅមណ្ឌលបន្សាបគ្រឿង (មណ្ឌលពិភពក្ដីសង្ឃឹមថ្មី) ចំនួន០២លើក តែកូនខ្លួនមានជំងឺក៏យកមកនៅផ្ទះវិញ បានមួយរយ:កូនខ្លួនចេះតែដើរអុកឡុកអ្នកជិតខាងដោយយកដុំថ្មដើរគុបផ្ទះគេ និងរកដុតផ្ទះអ្នកជិតខាងទៀត រហូតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៨និង ០០នាទី កូនខ្លួនឈ្មោះ អឹម វឿន បានអង្គុយនៅមាត់លូ (អណ្ដូងចេញមានទឹកពេញជំរៅ ០៨កង់) បានយក ដុំថ្មនិងដុតភ្លើងគប់ទៅលើអ្នកជិតខាងរួចក៏លោតចូលទៅក្នុងលូទឹកបណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ អឹម វឿន ពិតជាលោតចូលលូទឹកអណ្ដូងចេញជំរៅ ០៨កង់ ស្មើរ០៤ម៉ែត្រស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់