ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណី គ្រោះថ្នាក់ចរាចរណ៍ នារីពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដែស មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តតាក់ស៊ី Gerb កំពុងដឹកភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ទីតាំងស្ថិតត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តតាក់ស៊ីក្រុមហ៊ុន Gerb មួយគ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-4237 មានភ្ញៀវ៤នាក់រួមដំណើរពីក្រោយ តាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើតទៅលិច ស្របពេលនោះមានរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកមែរសឺដែស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-2122 បើកបរដោយនារីពីរនាក់ តាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុរថយន្តនោះ បានជ្រុលបុករថយន្តតាក់ស៊ី Gerb ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យស្ត្រីជាភ្ញៀវចំនួនពីរនាក់រងរបួសធ្ងន់ និងបីនាក់ទៀតរងរបួសស្រាល ។ ចំណែករថយន្តតាក់ស៊ី Gerb និងរថយន្តបង្កហេតុបានរងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសុងការណ៍ បានចុះមកដឹកយកជនរងគ្រោះ៤នាក់ទៅសង្គ្រោះ ។ បន្ទាប់មកភាគីទាំងពីរសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តបង្កហេតុព្រមចេញថ្លៃព្យាបាលរបួស និងជួសជុលរថយន្តតាក់ស៊ី Gerb ដើម្បីបញ្ចប់រឿង ៕

មតិយោបល់