(ឡុងដ៏)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា ការជំរុញឲ្យហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO) គឺជាសកម្មភាព ដែលនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៉ី ហើយទីក្រុងមូស្គូនឹងធ្វើការឆ្លើយតបវិញ ដោយអាស្រ័យលើការចល័តទ័ពរបស់ NATO ឆ្ពោះទៅកាន់ ព្រំដែនហ្វាំងឡង់-រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីឌ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ហ្វាំងឡង់កំពុងប្រកាន់យកជំហរអមិត្ត ដូចគ្នានឹងជំហររបស់សហភាពអឺរ៉ុបចំពោះប្រទេសរបស់យើង។ ដូច្នេះ វានឹងក្លាយជាហេតុផលមួយដែលយើងនឹងត្រូវចាត់វិធានការឆ្លើយតបវិញ»។
លោក ប៉េសកូវ មិនបានបញ្ជាក់ថាតើរុស្ស៉ីនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ តែក្រសួងការបរទេសរុស្ស៉ី បានអះអាងមូស្គូនឹងប្រើវិធានការឆ្លើយតប ទាំងផ្នែកបច្ចេកទេសយោធា និងតាមលក្ខខណ្ឌផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែង ដល់សន្តិសុខជាតិដែលអាចកើតមាន ហើយទីក្រុង ហែលស៊ិនគី ត្រូវតែដឹងអំពីទំនួលខុសត្រូវ និងផលវិបាកនៃសកម្មភាពរបស់ខ្លួននេះ៕
ប្រភព៖ Reuters
មតិយោបល់