ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោកម៉ូតូមិត្តភក្តិយកទៅបញ្ចាំ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​ព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានករណីឆបោក យកម៉ូតូ នៅចំណុចសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រើន ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកលក់ត្រីសាម៉ុន ។ ជនសង្ស័យ២នាក់៖ ១-ឈ្មោះ ចាន់ ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់សំរោងខាងជើង ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ម៉ៅ ធូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរទីលំនៅ អូរអណ្តូង ឃុំអូរតាម៉េង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ។ (ឃាត់ខ្លួន)

សម្ភារ:បាត់បង់៖ -ម៉ូតូ១គ្រឿងម៉ាក ZOOMER.X ពណ៌ត្រួយចេកស៊េរីឆ្នាំ២០១៦ ស្លាកលេខបាត់ដំបង 1Y.0438 ។

នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យដែលទើបស្គាល់គ្នា កាលថ្ងៃចូលឆ្នាំខ្មែរបានណាត់ជួបគ្នាផឹកស៊ី នៅចំណុចសួនច្បារមាត់ទន្លេតាខ្មៅ ។ លុះផឹកស៊ីដល់វេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ម៉ៅ ធូ បានប្រើល្បិចសុំខ្ចីម៉ូតូរបស់ជនរងគ្រោះថា ជិះទៅយកមិត្តភក្តិម្នាក់ទៀត មកចូលរួមដែរក៏ជិះម៉ូតូទៅបាត់ទៅ ។

បន្ទាប់មកជនសង្ស័យឈ្មោះ ចាន់ ធារិទ្ធ បានប្រាប់ជនរងគ្រោះថា ទៅទិញបារីក៏គេចទៅបាត់ទៀត រហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែលទើបជនរងគ្រោះ តាមរកជនសង្ស័យឃើញនៅផ្ទះសំណាក់មិនស្គាស់យីហោ នៅម្តុំសង្កាត់ផ្សារកណ្តាល ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំនៅហាងមិនចាំយីហោនៅម្តុំផ្សារឃ្លាំងរំសេវ បានលុយ២១០ដុល្លារ ចាយអស់បាត់ទៅហើយ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់