ភ្នំពេញៈ ប្រជាពលរដ្ឋ៤៣៨២នាក់ នៅក្នុងស្រុកដំណាក់ចង្អើ ខេត្តកែប បានទទួលសេវាពិនិត្យនិងព្យាបាល ដោយឥតគិតថ្លៃ ពីសំណាក់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រោមកិច្ច សហប្រតិបត្តិការ រវាងជាមួយអង្គការKCSC និងសាកលវិទ្យាល័យ ស៊ូនឈុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ ដែលស្ថាប័នទាំងពីរ បានបំពេញ បេសកកម្មមនុស្សធម៌ របស់ខ្លួនក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ។
សកម្មភាពមនុស្សធម៌ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ប្រធាន ក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងលោកជំទាវព្រមទាំង មានការអញ្ជើញចូលរួមពី សំណាក់អង្គការ អាជ្ញាធរ ស្រុក ខេត្តយុវជន ស្ថាប័នដែលពាក់ព័ន្ធនិង ប្រជាពលរដ្ឋ ជាច្រើននាក់ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអង្គការ KCSC និង សាកលវិទ្យាល័យ ស៊ូនឈុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ អាជ្ញាធរ និងស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ ចុះពិនិត្យព្យាបាលនិងវះកាត់ជូន ប្រជាពលរដ្ឋដោយគិតថ្លៃ នៅស្រុកដំណាក់ចង្អើ ខេត្តកែប ដែល សកម្មភាពនេះ គឺជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការផ្តល់ សេវាព្យាបាល ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ រស់នៅតំបន់ ដាច់ស្រយាលនិងចូលរួម លើកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ នៅតាមរាជធានីខេត្ត នៅទូទាំងប្រទេស ដោយមិនប្រកាន់ និន្នាការ នយោបាយ សាសនាអ្វីឡើយ។
លោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប បានមាន ប្រសាសន៍ថា ជាកិត្តិយស សម្រាប់រដ្ឋបាល ខេត្តកែប និងប្រជាពលរដ្ឋ នៅក្នុងខេត្តទាំងមូល ដែលបានទទួលការយកចិត្តទុកដាក់ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តយកទុក ដាក់គិតគូរ ជាប់ជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្នុង ភាពសុខសាន្ត និងការអភិវឌ្ឍ នៅទូទាំងប្រទេសនិយាយជារួមនិង និយាយដោយឡែកនៅក្នុងខេត្តកែបនេះ។
ជាក់ស្ដែងសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ ចុះព្យាបាល ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន នៃស្រុកដំណាក់ចង្អើនេះ គឺជាសកម្មភាពមនុស្សធម៌ ដ៍មានតម្លៃ មិនអាចកាត់ថ្លៃ បានក្នុងការបម្រើប្រជាពលរដ្ឋ។ លោក បានថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ នៃសាធារណរដ្ឋកូរ៉េ និងលោក ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងក្រុមការងារ សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោទាំងអស់ ដែលបានចុះ ពិនិត្យព្យាបាលនិង វះកាត់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅក្នុងខេត្តកែបនេះ។ ប្រជាពលរដ្ឋ ដែលបាន ទទួលបានពិនិត្យ និងព្យាបាល ក៍បានបង្ហាញអារម្មណ៍ សប្បាយរីករាយនិង ថ្លែងអំណរគុណ ចំពោះសកម្មភាព មនុស្សធម៌ ដ៍ល្អប្រពៃ របស់សមាគម។
ប្រធានអង្គការ KCSC សាកលវិទ្យាល័យស៊ូនឈុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ សប្បាយរីករាយ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាល បានឲ្យដឹងថា ការចុះ ពិនិត្យនិង ព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុង ខេត្តកែបនេះ មានដូចជា បានពិនិត្យ ព្យាបាលជម្ងឺទូទៅចំនួន វះកាត់តូច ព្យាបាល ជម្ងឺមាត់ធ្មេញ និងព្យាបាល ច្រមុះ បំពង់ក ពិនិត្យអេកូបេះដូង រោគស្ត្រី ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះនិង ព្យាបាលឬសដូងបាត ព្រមទាំង បានបញ្ជូន ករណីធ្ងន់ធ្ងរ ទៅព្យាបាលបន្ត សរុបទាំងអស់ចំនួន៤៣៨២នាក់។
គួររំលឹកដែរថា នេះមិនមែនជាលើកទី១ ទេដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន កម្ពុជា សម្តេចតេជោ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងខេត្តកែបនេះ គឺកន្លងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន កម្ពុជា សម្តេចតេជោ បានជួយព្យាបាល ករណីអ្នកជំងឺ ដែលមានជំងឺ សើរស្បែក ធ្ងន់ធ្ងរ ព្រមទាំងផ្តល់ថវិកា គ្រឿងឧបភោគ បរិភោគ និងសកម្មភាព ផ្សេងៗទៀត។ លើសពីនេះ នៅក្នុងខេត្តនេះ លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារ អណ្តូងទឹក បានកសាង និងប្រគល់អណ្តូងទឹក ជូនដល់ប្រជាពលរដ្ឋ ប្រើប្រាស់នៅរដូវប្រាំង នៅក្នុងស្រុកដំណាក់ចង្អើនេះ៕
មតិយោបល់