បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៧ និង ១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកតូយូតា១បាំង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ. 2A 6735 បើកបរដោយឈ្មោះ លី ថាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហួសផ្លូវចូលរោងចក្រទឹក រថយន្តប្តូរគន្លងទិសបត់ឆ្វេង ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកក្នុងល្បឿនលឿន បានបុកចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសក្បាល និងជើង ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ(ធ្ងន់ ស្រាល សមត្ថកិច្ចកំពុងតាមដាន) រីឯម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ។
នគរបាលជំនាញបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន ចំណែកអ្នកបើករថយន្តប្តូរទិសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕






មតិយោបល់