ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ នួន ច័ន្ទ និងលោកវរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ៖ ១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ ២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន។ ៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។
វត្ថុតាងចាប់យករួមមាន៖ ១-ហេរ៉ូអ៊ីន ទម្ងន់ 3 kg 206.97g, ២-ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ 4 kg 330g, ៣-មេតំហ្វេតាមីន(ICE)ទម្ងន់ 9 kg 244g, ៤- មេតំហ្វេតាមីន(WY) ទម្ងន់ 648g, ៥- កេតាមីន(Ketamine) ទម្ងន់ 7 kg 993g, ៦- សារធាតុរាវ(Ketamine)ចំនួន ២១៥ ដប ទម្ងន់ 2 kg 150g, ៧-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 2 kg 882.88g។ សារធាតុញៀន សរុប 30 kg 454.85g, សារធាតុផ្សំ សរុប 56 kg 521.40g។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕

មតិយោបល់