ព័ត៌មានជាតិ

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណ:ចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។

ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ នេះគឺជាការធ្វើតេស្ដមីស៊ីលផ្លោងថ្មីមួយទៀតក្នុងឆ្នាំនេះ ដែល ត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាមមន្រ្តីអាមេរិក «សេចក្តីព្រាងដំណោះស្រាយ នឹងបន្ថែមការរឹតត្បិតចំពោះសមត្ថភាពរបស់កូរ៉េខាងជើងលើការជំរុញកម្មវិធីផលិតអាវុធប្រល័យលោក (WMD) និងមីស៊ីលផ្លោងខុសច្បាប់ ហើយនឹងបន្ថែមភាពងាយស្រួលក្នុងការអនុវត្តទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងជួយដល់ការបើកផ្លូវដើម្បីនាំយក ជំនួយមនុស្សធម៌ទៅឲ្យអ្នកដែលត្រូវការជំនួយ»។

កូរ៉េខាងជើង បានទទួលរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ហើយទណ្ឌកម្មនេះត្រូវបានបង្កើនជាលំដាប់ ក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ ក្នុងគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ តែចិន និងរុស្ស៉ី បានត្រូវសហរដ្ឋអាមេរិក ចោទប្រកាន់ថាបាននិងកំពុងជំរុញឲ្យមានការបន្ធូរបន្ថយទណ្ឌកម្ម ដោយលើកហេតុផលមនុស្សធម៌៕

ប្រភព៖ Reuters

 

មតិយោបល់