ព័ត៌មានជាតិ

សិស្សសាលា ២នាក់ ពេលម៉ោងចេញទៅផ្ទះ ឆ្លៀតនាំគ្នាទៅលេងទឹកអាង បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សិស្សអនុវិទ្យាល័យតាយឹងព្រៃវែងចំនួន០២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តលឲ្យលង់ទឹកស្លាប់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ប៉ារ៉ាសទឹក អាងតាឆាយ ខាងជើងភូមិព្រៃវែង ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះដារ៉ា បូរី ភេទ ប្រុស អាយុ១៥ឆ្នាំជា(សិស្សរៀនថ្នាក់ទី០៨ អនុវិទ្យាល័យតាយឹងព្រៃវែង) រស់នៅភូមិតាយឹង ឃុំគំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់ នគរបាល បានបញ្ជាក់ថា ឈ្មោះ អោម ថានុ ភេទប្រុស ១៦ឆ្នាំ ជាមិត្តភក្រ្តសិស្សសាលាដូចគ្នា រស់នៅភូមិកណ្ដោល ឃុំ គោករមៀត ស្រុកថ្មពួក បានប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេបានចេញពីសាលារៀន ហើយក៏នាំគ្នាមកលេងទឹក នៅប៉ារ៉ាស់អាងតាឆាយ នៅភូមិព្រៃវែង ឃុំគំរូ ពេលកំពុងលេងស្រាប់តែឃើញឈ្មោះ ដារ៉ា បូរី(ក្មេងរងគ្រោះ) បានលង់ទឹកខ្លួនក៏បានស្ទុះទៅជួយតែជួយមិនបាន ព្រោះជនរងគ្រោះលង់លិចទៅក្នុងទឹកបាត់។

នគរបាលរូបនោះ បានបញ្ជាក់ទៀតថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងបានទៅដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋដើម្បីជួយរក រហូតដល់ម៉ោង០៥និង៤០នាទីល្ងាចថ្ងៃដដែល ទើបរកសពឃើញ ហើយក្រុមគ្រួសារ សាច់ញាតិមិនអស់ចិត្តក្រែងកូនគាត់អាចជួយសង្គ្រោះបាន ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសលគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ(ស្លាប់នៅកន្លែងកើតហេតុ)។

សពត្រូវបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាម​ប្រពៃណី ៕

មតិយោបល់