បន្ទាយមានជ័យៈ យោងតាមរបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ បន្ទាប់ពីបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃចំនួន០៣នាក់ ជាបន្តបន្ទាប់នោះ សមត្ថិច្ចនគរបាលបានឆែកឆេររកដកហូតវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,ទូរសព្ទ០២គ្រឿង,ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២,សម្ភារៈវេចខ្ចប់មួយចំនួន ។ ចំពោះការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនជនជាតិថៃទាំង០៣នាក់នេះ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបនៅ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩យប់ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនិតិវិធីដោយ លោក លឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ៖ ដំបូងកម្លាំងនគរបាលយើងបង្រ្កាបបានជនសង្ស័យ០២នាក់ មាន៖១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ,២/-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ និង ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ៧ថង់។
លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ប្រាប់ទៀតថា ៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េតនិងឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនមេខ្លោងបាន ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតវត្តុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។
លោកស្នងការរង បានប្រាប់ទៀតថា ៖ ឆ្លងតាមការសាកសួរចម្លើយ ពួកគេបានសារភាពថានេះជាលើកទី១ ដែលពួកគេបានប្រព្រឹត្តរបររកស៊ីលក់គ្រឿងញៀននេះ ។ មួយទៀតមេខ្លោងឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប នេះធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃរយៈពេល១០ឆ្នាំផងដែរ ពីបទមនុស្សឃាត ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់