ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ពាក់ព័ន្ធករណីអំពើលួច

កណ្តាល:​ យោងតាមផេក បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីអំពើលួចនៅចំណុចឃ្លាំងរបស់ជនរងគ្រោះភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ៣នាក់(គេចខ្លួន​ពីរនាក់)៖ ១–ឈ្មោះ ថា សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ។ ២–ឈ្មោះ ម៉ាប់ ភេទប្រុស (គេចខ្លួន) ។
៣–ឈ្មោះ រិទ្ធ ភេទប្រុស (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូពីរគ្រឿង ។ ២-ម៉ាស៊ីនខ្យល់បាញ់ថ្នាំចំនួន១គ្រឿង (របស់ជនរងគ្រោះ) ។ ៣-ដាវដែកដងឈើចំនួន១ប្រវែង៧០ស.ម(របស់ជនសង្ស័យ)។

មុនកើតហេតុ ជនរងគ្រោះបានទុកម៉ូតូចំនួន២គ្រឿង ម៉ាស៊ីនខ្យល់បាញ់ថ្នាំ និងសម្ភារ:សំណង់មួយចំនួនទៀត នៅក្នុងឃ្លាំងដោយបានចាក់សោទ្វាររបង និងសោឃ្លាំងដូចសព្វដង លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានហៅជនសង្ស័យ ដែលជាកម្មកររបស់ខ្លួន ដែលស្នាក់នៅបន្ទប់ផ្ទះជួលជាប់ខាងក្រោយឃ្លាំង មកមើលលូស្ទះហើយប្រគល់សោរបងឃ្លាំងឲ្យទុកចាក់ធ្វើលូស្ទះ ស្រាប់តែជនសង្ស័យ បានលួចដោះយកសោទ្វាររបងឃ្លាំងទុក មិនប្រគល់ឲ្យជនរងគ្រោះវិញឡើយ ហើយនៅពេលយប់ជនសង្ស័យ បានចាក់សោទ្វាររបងឃ្លាំងឲ្យបក្ខពួកខ្លួនពីរនាក់ទៀត ធ្វើសកម្មភាពឆ្កឹះទ្វារឃ្លាំងលួចយកម៉ូតូ២គ្រឿង និងម៉ាស៊ីខ្យល់សំរាប់បាញ់ថ្នាំ យកទៅលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួន ហើយបានដោះគ្រឿងម៉ូតូម៉ាកលក់ និងម៉ូតូ១គ្រឿងទៀតម៉ាក Today លក់ឲ្យអ្នកទិញអេតចាយបានលុយ៧០០០០រៀលចែកគ្នាចាយអស់ ។

ពេលជនរងគ្រោះទៅបើកឃ្លាំង ដើម្បីយកម៉ូតូជិះស្រាប់តែបាត់អស់ ពេលនោះជនរងគ្រោះ មានការសង្ស័យលើឈ្មោះ សំណាង ហើយបានតាមរកតែរកមិនឃើញ ក៏ទៅមើលបន្ទប់ជួលរបស់ជនសង្ស័យ តាមបង្អួចបានឃើញម៉ូតូ និងម៉ាស៊ីនខ្យល់របស់ខ្លួននៅក្នុងបន្ទប់នោះ ទើបប្តឹងសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានម្នាក់រួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់