ព័ត៌មានជាតិ

ប្រុសស្រី ២នាក់ ឌុបគ្នាចេញពីកម្សាន្តមួយកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ២នាក់៖
១/ ឈ្មោះ ខ្មៅ ភេទប្រុស អាយុជាង ២០ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តព្រៃវែង។
២/ ឈ្មោះ អាមី ភេទស្រី អាយុជាង ២០ឆ្នាំ មុខរបរ ជាអ្នកលក់ស្រាក្រឡុក មានស្រុកកណើតនៅខេត្តកំពង់ចាម។

រថយន្តទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7817 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយ និងស្រ្តីម្នាក់ទៀត ត្រូវជាប្រពន្ធ។
ម៉ូតម៉ាក ហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-6766 ជិះឌុបនារីម្នាក់ទៀតពីក្រោយ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូឌុបគ្នាចេញពីកម្សាន្តមួយកន្លែង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងទៅម្ខាងទៀត ខណ:កំពុងឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង បើកបរពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យដួល និងកិនជនរងគ្រោះទាំង២ ស្លាប់ភ្លាមៗតែម្ដង។

ក្រោយពីកើតហេតុរថយន្តបានព្យាយាមបើករត់ទៅមុខរហូតមកដល់ផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបប្រជាពលរដ្ឋឃាត់បានទាំងតៃកុង និងរថយន្តប្រគល់ឲ្យសមត្ថកិច្ច ចំពោះវត្ថុតាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងស្ទូច យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់