(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាមានតែអ៊ុយក្រែនប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាតើត្រូវ ឬមិនត្រូវ ទទួលយកសម្បទានណាមួយពាក់ព័ន្ធនឹងទឹកដី ជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កំលុងបំពេញទស្សនកិច្ចក្នុងទីក្រុង កៀវ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី។ ឆ្លើយតបទៅនឹងសំណួរដែលសួរថាតើសម្បទានបែបណា ក្នុងនោះរួមមានទាំងបញ្ហាទឹកដីដែល អ៊ុយក្រែនគួរតែទទួលយក លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «បញ្ហាទឹកដី គឺអ៊ុយក្រែនខ្លួនឯងជាអ្នកសម្រេចចិត្ត ហើយខ្ញុំគិតថាភារកិច្ចរបស់យើង ក្នុងការការពារតម្លៃរបស់យើង ច្បាប់អន្តរជាតិ រួមទាំងគាំទ្រអ៊ុយក្រែនផងដែរ»។
លោក ម៉ាក្រុង រួមជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបង្ហាញសាមគ្គីភាព និងការគាំទ្រចំពោះអ៊ុយក្រែន។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំអឺរ៉ុបទាំង៣ បានផ្ដល់សង្ឃឹមចំពោះសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន និងបានសន្យាផ្ដល់អាវុធបន្ថែម ដើម្បីទប់ទល់ជាមួយរុស្ស៉ីផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានលើកឡើងម្ដងហើយម្ដងទៀតថាប្រទេសរបស់លោកនឹងមិនផ្ដល់សម្បទានណាមួយពាក់ព័ន្ធនឹងទឹកដី ឱ្យរុស្ស៉ីជាដាច់ខាត៕



មតិយោបល់