ព័ត៌មានជាតិ

រថយន្តទេសចរ ១២កៅអីម៉ាក TURBO ROSA បុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៦នាក់ទៀត រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី លើផ្លូវលេខ៥៧ ត្រង់ចំណុចក្រុមទី០៩ ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តទេសចរណ៍១២កៅអី បណ្តាលអោយមនុស្សប្រុសចំនួន ០២នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ១៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-7604 បើកបរដោយឈ្មោះ សេង តុលា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិខ្សាច់ ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង រួមនឹងអ្នកដំណើរ ០១នាក់ឈ្មោះ ទិត្យ សុវណ្ណ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង (ស្លាប់ទាំងពីរនៅកន្លែងកើតហេតុ) ម៉ូតូខូច ខាតទាំងស្រុង បើកបរច្រាស់ទិសគ្នាពីលិចទៅកើតមកដល់ចំនុចកើតហេតុបានបុកនឹងជាមួយរថយន្តទេសចរ១២កៅអី ពណ៌ស ម៉ាកTURBO ROSA ពាក់ស្លាកលេខ សៀមរាប 3A-1024 រថយន្តក្រឡាប់ អ្នកបើកបរគេចខ្លួនមិនស្គាល់អត្តសញ្ញាណ ដោយមានអ្នករួមដំណើរចំនួន ៣២នាក់ ក្នុងនោះរងរបួសធ្ងន់ស្រាលសរុបចំនួន១៦នាក់ ស្រី០៦នាក់។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះស្នឹងនិងរថយន្តសង្គ្រោះស្រុករតនៈមណ្ឌល ទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនែកសាកសពជនរងគ្រោះបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយពីសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យនិងវាស់វែងរួចបានអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបទៅបុករថយន្ត១២កៅអីពីមុខពេញទំហឹងតែម្តង។
ករណីនេះ កម្លាំងនគរបាលស្រុកបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់