ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តlexus ក្នុងល្បឿនលឿន ជ្រុលទៅបុកឡានដឹកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត lexus GS300 មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ រថយន្តដឹកស៊ីម៉ងត៍ ដែលខូចចតនៅស្ងៀម បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ទីតាំងស្ថិតតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ងត៍ ក្បាលពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-5496 ទៅបុករថយន្តកុងតឺន័រពីក្រោយ រងការខូចខាត ។ បន្ទាប់មកភាគីទាំងពីរក៏បានសម្រួលគ្នាត្រូវ ជាមួយរថយន្តកុងតឺន័រ តែដោយបើកទៅមុខមិនរួច ក៏តៃកុងហៅរថយន្តផ្សេងទៀត ឲ្យមកជួយសណ្តោងអូសចេញ ពីដងផ្លូវ ។ ពេលហៅរថយន្តមួយគ្រឿងទៀត មកជួយអូសជិតមកដល់ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក LexusGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-6760 បើកបរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មកបុកពីក្រោយរថយន្តដឹកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យផុងផ្នែកខាងមុខរួញចូលគ្នា រងការខូចខាតស្ទើរទាំងស្រុង ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយវិញ រងការខូចខាតផ្នែកខាងក្រោយតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកពិនិត្យនិងឲ្យភាគីទាំងសងខាងសម្រួលគ្នាតែមិនត្រូវ សមត្ថកិច្ចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់