ភ្នំពេញៈ នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ឈ្មោះ ផល សុវណ្ណារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាអ្នកបើកឡាន បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1AL-1663 បុកបង្កាន់ដៃស្ពានអ្នកតាវាំង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តសាមុយជាច្រើនគ្រឿង បានត្រៀមដឹកសាកសពជនរងគ្រោះ ស្រាប់តែឈ្លោះប្រកែកដណ្តើមគ្នាដឹក បង្កភ្ញាក់ផ្អើល ទីតាំងស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ មានទិសដៅពីលិចឆ្ពៅទៅទិសខាងកើត ។ លុះពេលធ្វើ ដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្កាន់ស្ពានអ្នកតាវាំងពេញទំហឹង បណ្តាលឲ្យធ្លាក់ទៅខាងក្រោមស្លាប់បាត់ បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះទៅពិនិត្យ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានស្រង់យកសាកសពជនរងគ្រោះលើគោក និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ខណៈនោះមានរថយន្តសាមុយជាច្រើនគ្រឿង បានត្រៀមមកដឹកសាកសពជនរងគ្រោះ បានឈ្លោះប្រកែកគ្នាដូចឆ្កែដណ្តើមគ្នាដឹកសព ដោយគ្មានការខ្មាសអៀន ក្រុមគ្រួសារសពកំពុងតែមានទុក្ខជាន់លើទុក្ខបន្ថែមទៀត ។ ចំណែកបងប្អូនប្រជាពលរដ្ឋ បានអំពាវនាវដល់អាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលផង នូវករណីរថយន្តសាមុយដឹកសព កុំឲ្យមានភាពរញ៉េរញ៉ៃដូច្នេះតទៅទៀត ៕
មតិយោបល់