បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គួរឲ្យសង្វេគណាស់ស្ត្រីម្នាក់ ព្រោះតែជីវភាពលំបាក អង្គុយឆ្កឹះខ្យងស្ងោរ នៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះអប្រីយ៍ឆក់យកជីវិតទាំងមានកូនក្នុងផ្ទៃ០៨ខែម្នាក់ទៅជាមួយ ។ ហេតុការណ៍គ្រោះបាតុភូតធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាច នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ស្តី្ររងគ្រោះមានឈ្មោះ បាន លី អាយុ៤៤ឆ្នាំ មានប្តីឈ្មោះ ងួន មិត្ត អាយុ៤៥ឆ្នាំ មានកូនចំនួន៦នាក់ រាប់ទាំងកូននៅក្នុងផ្ទៃ ជាកសិករមានជីវភាពក្រីក្រ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ មួង មុល ភេទប្រុស អាយុ១២ឆ្នាំ ជាកូន បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគេជាមួយនិងម្តាយបានអង្គុយឆ្កឹះខ្យងស្ងោររួចហើយ នៅក្រោមដើមព្រីងនៅមុខផ្ទះ ដើម្បីទុកយកទៅលក់ ស្របពេលនោះមេឃបានធ្លាក់ភ្លៀងលាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ចំម្តាយរបស់ខ្លួន ចំណែករូបគេមិនមានរងគ្រោះថ្នាក់នោះទេ គ្រាន់តែហឹងត្រចៀក ។
លោកអធិការនគរបាលស្រុកម៉ាឡៃ វរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់បន្ថែមថា ស្ត្រីរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ ខណៈពេលបញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពឃុំទួលពង្រ ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់